កំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា គម្រោង ACSEPនិងបន្តជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារ ប្រព័ន្ធដឹកជញ្ជូនពីកសិដ្ឋានផលិត ទៅកាន់ទីផ្សារផ្តល់លទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរឡើង ។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលនេះ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃ និងផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងដូចជាដំឡូងមី គ្រាប់ស្វាយចន្ទី បន្លែ និងការចិញ្ចឹមសត្វ ដែលស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកស្ទួយផលិតកម្ម ស្វែងរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ។ គម្រោង ACSEP មិនត្រឹមតែផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបនោះទេ ថែមទាំងជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារ ជាពិសេសគឺការរៀបចំប្រព័ន្ធដឹកជញ្ជូនពីកសិដ្ឋានផលិត ទៅកាន់ទីផ្សារទៀតផង ទំនាក់ទំនងទីផ្សារនេះ ពិតណាស់បានជួយឱ្យបងប្អូនប្រជាកសិករ កាន់តែមានលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរឡើង។
លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា គម្រោងប្រកួត ប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) គម្រោងនេះផ្តោតលើ÷១.ការសម្របសម្រួលលទ្ធភាពទទួលបានឥណទានសម្រាប់ សហគ្រាសកសិឧស្សាហកម្ម សហគមន៍កសិកម្ម និងកសិករ ចិញ្ចឹមមាន់ស្រុក។ ២.ការលើកកម្ពស់ទំនាក់ទំនងទីផ្សារ និងលើកកម្ពស់សុវត្ថិភាព និងគុណភាពម្ហូបអាហារ។ ៣.ធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ពីកសិដ្ឋានទៅទីផ្សារ។
លោកថា កសិករចិញ្ចឹមមាន់ក្នុងស្រុក៖ ជាសមាជិកនៃសមាគមន៍កសិកម្ម ដែលបានចុះបញ្ជី ឬក្រុមកសិករដាំដុះដំណាំដែលបានជ្រើសរើសក្នុង គម្រោង និងជាអ្នកចិញ្ចឹមមាន់ស្រុកនៅក្នុងខេត្តគោលដៅរបស់គម្រោង៕ ដោយសំនៀង



