បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានប្រកាសសាជាថ្មីម្តងទៀតថានឹងដកខ្លួនចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជុំវិញការចោទប្រកាន់ថាមានភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។
កាលពីខែកុម្ភៈ ប្រធានាធិបតី Donald Trump បានបញ្ជាឱ្យមានការពិនិត្យឡើងវិញរយៈពេល៩០ថ្ងៃដោយក្រសួងការបរទេសទៅលើការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងកម្មវិធីរបស់អង្គការយូណេស្កូ។
ចំណាត់ការនេះគឺជាផ្នែកមួយនៃការជំរុញដ៏ទូលំទូលាយមួយដើម្បីផ្តាច់ចេញពីស្ថាប័នអង្គការសហប្រជាជាតិ ដែលក្រុមមន្ត្រីអះអាងថា សកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិក និងធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ខណៈពេលដែលអង្គការបានថែមទាំងធ្វើការការឃោសនាដែលមានចេតនាប្រឆាំងនឹងពួកយូដាទៀតផង។
ក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់លោក Trump ក្នុងការចាកចេញពីទីភ្នាក់ងារនេះ បានធ្វើតាមការរកឃើញថា UNESCO ធ្វើការដើម្បីជំរុញបុព្វហេតុសង្គម និងវប្បធម៌ដែលបែកបាក់គ្នា ។ សេចក្តីប្រកាសដដែលក៏បានលើកឡើងពីការទទួលស្គាល់របស់ទីភ្នាក់ងារទៅលើរដ្ឋប៉ាឡេស្ទីន និង ការរីកសាយនៃវោហាសាស្ត្រប្រឆាំងអ៊ីស្រាអែលនៅក្នុងអង្គការនោះផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
