ស្វាយរៀង៖ ក្មេងប្រុសម្នាក់បាត់ខ្លួន៣ថ្ងៃត្រូវបានឪពុកម្ដាយនិងសាច់ញាតិ ប្រជាពលរដ្ឋក្នុងភូមិជួយដើររកស្រាប់តែប្រទះឃើញអណ្ដែតទឹកស្លាប់ក្នុងទឹកស្រះកាលពីវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍បានឲ្យដឹងថាសាកសពក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ ផេស្ដារ ភេទ ប្រុស អាយុ ៤ឆ្នាំ រស់នៅភូមិព្រៃចំណារ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមការបញ្ជាក់របស់ឪពុកក្មេងរងគ្រោះ ឈ្មោះ ទុំ សំអឿន អាយុ ៤៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃចំណារ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៥ នៅវេលាម៉ោង ៨ និង ១០នាទី គាត់បានបាត់កូនប្រុសឈ្មោះ គង់ ផេស្ដារ អាយុ ៤ឆ្នាំ លុះដល់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៥ នៅវេលាម៉ោង៦ និង៣០ នាទីព្រឹក រូបគាត់និងប្រពន្ធរបស់គាត់ឈ្មោះ ភឹម ដាណេ អាយុ ៣៣ឆ្នាំ មុខរបរ កសិករ បានចេញដើររកកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួនកាលពីរថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៥ ស្រាប់តែបានប្រទះឃើញសាកសពកូនប្រុសបានលង់ទឹកស្រះនៅវាលស្រែស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នមើលថែកូន។ តាមការសន្និដ្ឋាន សមត្ថកិច្ចជំនាញនិងគ្រួពេទ្យ សាកសពស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
