ព័ត៌មានជាតិ

ចិន ប្រកាសគាំទ្រភាគីកម្ពុជា បង្ក្រាប និងដាក់ទោសតាមច្បាប់លើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់

ភ្នំពេញ ៖ ចិន បានប្រកាសគាំទ្រភាគីមិត្តកម្ពុជា បង្ក្រាប និងដាក់ទោសតាមច្បាប់លើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទូត មានសេចក្តីសោមនស្សរីករាយណាស់ បានមានជំនួបជាមួយ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក ទូត គូសបញ្ជាក់ថា «ភាគីចិនសុខចិត្តសហការជាមួយភាគីមិត្តកម្ពុជា ក្នុងការជំរុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងគាំទ្រភាគីមិត្តកម្ពុជាបង្ក្រាប និងដាក់ទោសតាមច្បាប់លើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ»។

សូមរំលឹកថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងនោះដែរ រាជរដ្ឋាភិបាល បានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ៕

To Top