ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា តែងតែប្រកាន់ជំហរ ចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីងទ័ពថៃ បានបើកការវាយប្រហារ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងការឈ្លានពាន ។
យោងតាមបណ្តាញសង្គម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃ បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រ នៃការវាយប្រហារទៅដល់តំបន់មុំបី។
សម្តេចធិបតី បញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វី ក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារការឈ្លានពាន របស់កងទ័ពថៃនៅពេលនេះ។
ជាមួយគ្នានេះ សម្តេចធិបតី សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ និងសូមរក្សាភាពស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕
