ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ប្រជាពលរដ្ឋខ្មែរថា សម្ដេច មិនរត់ទៅណានោះទេ កុំព្រួយបារម្ភ ខណៈការចុះផ្សាយកុហក នៃអ្នកនយោបាយថៃ បានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ។

យោងតាមគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា «ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន»។

សម្ដេច បញ្ជាក់ថា «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ»។
សម្ដេច អង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ សម្ដេច ថា «មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។ លោកម្នាក់នេះហើយដែលធ្លាប់បាន ព្រមានថា នឹងវាយកម្ពុជាដោយប្រើ ពេលត្រឹម ៣ថ្ងៃ។

សម្ដេច បន្ថែមថា «ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ការចុះផ្សាយដែលចរិតកុហក់នៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ»៕
