ព័ត៌មានជាតិ

គ.ជ.ប រៀបចំបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២

ភ្នំពេញ៖ អនុលោមតាមច្បាប់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត តាមការកំណត់នៃច្បាប់ និងមានសមត្ថកិច្ចបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាព រយៈពេល ៦ឆ្នាំ និងសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាព រយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់​ គ.ជ.ប បានឱ្យដឹងថា អនុវត្តតាមស្មារតីនៃច្បាប់នេះ គ.ជ.ប បានរៀបចំ “ពិធីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ ឆ្នាំ២០២២ និងសម្ភារ ឯកសារបោះឆ្នោតនានា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅរោងពុម្ពរស្មីអង្គរ ដែលមានទីតាំង ស្ថិតនៅដីឡូតិ៍លេខ១៨៨២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប បានរៀបចំកម្មវិធីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត កន្លងមកចំនួន ៤លើករួចមកហើយ ក្នុងនោះ៖
-លើកទី១ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៥
-លើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩
-លើកទី៣ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤
-លើកទី៤ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ទៀតថា ការបំផ្លាញសន្លឹកឆ្នោត កាលពីលើកទី១ គ.ជ.ប បានប្រើប្រាស់វិធីសាស្ត្រដុតបំផ្លាញចោល ហើយចាប់ពីលើកទី២ ដល់លើកទី៥ នេះ គឺប្រើប្រាស់វិធីសាស្ត្រកាត់ចិញ្ច្រាំដោយការប្រើម៉ាស៊ីន ដែលវិធីសាស្ត្រនេះអាចធានាបានទាំងសុវត្ថិភាព ការសម្ងាត់នៃសន្លឹកឆ្នោត បរិស្ថានល្អ និងសុខុមាលភាពសាធារណៈ។

សន្លឹកឆ្នោត និងសម្ភារ ឯកសារពាក់ព័ន្ធ ដែលត្រូវបំផ្លាញចោលនៅលើកទី៥ នេះ មានដូចខាងក្រោម៖
+សន្លឹកឆ្នោត សរុបចំនួន ២៣.០៩០.៣៤៤ សន្លឹក រួមមាន៖
-សន្លឹកឆ្នោតដែលប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន ២២.៩៦៧កញ្ចប់ ស្មើនឹង ៩.៥៣២.៤៤៩សន្លឹក និងសន្លឹកឆ្នោតបម្រុងចំនួន ៦៦៤.០០០សន្លឹក សរុបសន្លឹកឆ្នោតទាំងអស់ចំនួន ១០.១៩៦.៤៤៩សន្លឹក ដែលត្រូវបានរក្សាទុកក្នុងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោតសរុបចំនួន ១.៨៥១ស្បោង
-សន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ មានចំនួន ៤០៦កញ្ចប់ ស្មើនឹង ៤៤.៤០៣សន្លឹក ដែលត្រូវបានរក្សាទុកក្នុងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោតសរុបចំនួន ៤៨ស្បោង
-សន្លឹកឆ្នោតដែលប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួន ២៣.៦០២កញ្ចប់ ស្មើនឹង ១១.៦១០.៤៩២សន្លឹក និងសន្លឹកឆ្នោតបម្រុង ចំនួន ១.២៣៩.០០០សន្លឹក សរុបសន្លឹកឆ្នោតទាំងអស់ចំនួន ១២.៨៤៩.៤៩២សន្លឹក ដែលត្រូវបានរក្សាទុកក្នុងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោតសរុបចំនួន ១.៣៤៦ស្បោង។

សម្ភារ ឯកសារបោះឆ្នោត ដែលបានប្រើប្រាស់ និងត្រូវបាន គ.ជ.ប ថែរក្សាទុកប្រកបដោយសុវត្ថិភាព​ រយៈពេលចន្លោះពី ៣ឆ្នាំ រហូតដល់ ៧ឆ្នាំរួចមកហើយ និងសម្ភារ ឯកសារចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឆ្នាំ២០២១ ព្រមទាំងឯកសារចាស់ៗផ្សេងទៀត ដែលត្រូវបានរក្សាទុក តាមគោលការណ៍គ្រប់គ្រងការងាររដ្ឋបាល។

លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីបំផ្លាញសន្លឹកឆ្នោតនេះ ក៏មានគោលបំណង ដើម្បីបង្ហាញជូនភាគីពាក់ព័ន្ធ ជាពិសេសតំណាងគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សង្កេតការណ៍បោះឆ្នោត អំពីតម្លាភាព ព្រមទាំងសុចរិតភាពរបស់ គ.ជ.ប ក្នុងការគ្រប់គ្រង ចាត់ចែងការបោះឆ្នោត ការរក្សាទុកសម្ភារ ឯកសារបោះឆ្នោត សន្លឹកឆ្នោតដែលបានប្រើ ក្នុងការបោះឆ្នោតកន្លងមក និងការបំផ្លាញសន្លឹកឆ្នោត ប្រកបដោយគណនេយ្យភាព និងការទទួលខុសត្រូវ ស្របតាមស្មារតីច្បាប់ជាធរមាន។

នៅក្នុងឱកាសនោះលោកប្រធាន គ.ជ.ប បានស្នើឱ្យភាគីពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ ចូលរួមតាមដាន និងសង្កេតមើលដំណើរការបំផ្លាញសន្លឹកឆ្នោត រហូតដល់ចប់ជាស្ថាពរ ស្របតាមប្រតិទិន ដែលបានកំណត់ សំដៅធ្វើយ៉ាងណា ឱ្យដំណើរការនេះទទួលបានជោគជ័យ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងតម្លាភាព។

ដំណើរការបំផ្លាញសន្លឹកឆ្នោត និងសម្ភារ ឯកសារបោះឆ្នោត លើកទី៥នេះ មានរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃ២៥ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

សូមជម្រាបជូនថា សមាសភាពគណៈអធិបតី និងភ្ញៀវកិត្តិយសអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកអនុប្រធាន គ.ជ.ប ឯកឧត្តមសមាជិក គ.ជ.ប ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិ-ការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ ចំនួន ១៧គណបក្ស តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល សង្កេតការណ៍បោះឆ្នោតចំនួន ១៧ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ១១៨នាក់៕

To Top