ព័ត៌មានជាតិ

Breaking News: អ្នកនាំពាក្យក្រសួងការពារជាតិ ៖ មកដល់ម៉ោង៥រសៀលនេះ កន្លែងចំណុចថៃចាប់ផ្តើមផ្ទុះអាវុធដំបូងគេ កម្ពុជានៅបន្តកាន់កាប់មិនថយសូម្បីមួយជំហាន

ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងគូសបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអាវុធ ចាំតាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបង្កហេតុដោយភាគីថៃ មកដល់ម៉ោងប្រមាណ៥រសៀលថ្ងៃដដែរនេះ កម្ពុជា បន្តយកប្រៀបលើសមរភូមិ ខណៈទីតាំងទាំងអស់ បូករួមទាំងចំណុចចាប់ផ្តើមផ្ទុះអាវុធដំបូង នៅទីតាំងប្រាសាទតាមាន់ធំ គឺកម្ពុជា នៅរក្សាកាន់កាប់ដដែរ មិនមានការថយក្រោយ សូម្បីតែមួយជំហាន ។

ការគូសបញ្ជាក់របស់លោកស្រី អ្នកនាំពាក្យខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនោះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការបើកការវាយប្រហារដំបូងគេ នៅប្រាសាទតាមាន់ធំ កម្ពុជា បានធ្វើការឆ្លើយតប ជាមួយនឹងការការពារបូរណភាពទឹកដីរបស់ខ្លួន ដោយភាពរឹងមាំជឿជាក់ និងដូចអ្វីដែលបានសន្យា និងអនុវត្តតាមបទបញ្ជា​ របស់រាជរដ្ឋាភិបាល ក៏ដូចជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

ក្នុងនោះលោកស្រី ម៉ាលី សុជាតា សង្កេតឃើញថា ការប្រើប្រាស់សភាវុធ របស់ខាងភាគីថៃ តាំងពីមុនថ្ងៃទី២៤ ការដាក់ពង្រាយ ការបង្កើនកម្លាំង ការជីកលេណដ្ឋាន ការបង្កើនអាវុធគាំទ្រផ្សេងៗ បង្ហាញអំពីមហិច្ចតា និងផែនការច្បាស់លាស់ នៅក្នុងការឈ្លានពាន មកលើទឹកដីប្រទេសកម្ពុជា ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់បន្ថែមថា ការបើកការវាយប្រហារមានចំនួន ៨ទីតាំង (ទី១.ប្រាសាទតាមាន់ធំ, ទី២ ប្រាសាទតាក្របី, ទី៣ តំបន់ភ្នំទ្រព្យ, ទី៤ ទីតាំងវាលឥន្ទ្រី, ទី៥ ទីតាំងតាថាវ, ទី៦ ទីតាំងភ្នំខ្មោច, ទី៧ ទីតាំងអានសេះអូការស្នេហ និងទី៨តំបន់មុំបី) ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យមានប្រសាសន៍ថា “ក្រោមការតស៊ូ ស្វិតស្វាញយ៉ាងរឹងមាំ និងស្វាហាប់របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា យើងដណ្តើមកាន់កាប់បាន នូវប្រាសាទតាក្របី នៅវេលាម៉ោង៩ និង៣០នាទី១០០% ទាញយកមកវិញ​ នូវដែនអធិបេតយ្យភាពរបស់កម្ពុជា ដែលជាម្ចាស់ប្រាសាទតាក្របី នៅក្នុងនោះក៏មានតំបន់មុំបី យើងបានឆ្បាមកាន់កាប់ យកដោយជោគជ័យ ដែលជាដែនអធិបតេយ្យភាព របស់យើងផងដែរ គិតមកដល់ម៉ោងនេះ (ម៉ោង៥រសៀល ម៉ោងធ្វើសន្និសីទសារព័ត៌មាន) យើងនៅរក្សាប្រៀបឈ្នះ និងឈរកាន់កាប់នៅទីតាំងនៅទីនោះ ចំពោះប្រាសាទតាមាន់ធំ ដែលជាតំបន់ចាប់ផ្តើម នៃការប្រកាសផ្ទុះអាវុធ គឺមកដល់ម៉ោងនេះ គឺយើងនៅរក្សាកាន់កាប់ដដែរ មិនមានការថយក្រោយសូម្បីតែមួយជំហាន”៕

To Top