ព័ត៌មានជាតិ

លោកខូយ រីដា ចុះសួរសុខទុកពលរដ្ធ ជម្លៀសខ្លួនចេញពីតំបន់ប្រឈមសមរភូមិមុខឃុំថ្មដា ស្រុកវាលវែង មកកាន់កន្លែងសុវត្ថិភាព!

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចុះសួរសុខទុក្ខ និងសម្របសម្រួលប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រឈមសមរភូមិមុខព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំដា ស្រុកវាលវែង មកកាន់ទីកន្លែងមានសុវត្ថិភាព។

លោកអភិបាលខេត្តបានបញ្ជាក់ថា សម្តេចបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាក់ស្តែងដូចបងប្អូនពុកម៉ែរស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីកន្លែងនេះ គឺមានសុវត្ថិភាពខ្ពស់ មានទាំងគ្រូពេទ្យ និងមានស្បៀងអាហារគ្រប់គ្រាន់ផ្តល់ជូនបងប្អូន។ ចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលពុំទាន់បានចាកចេញ យើងក៏មានរថយន្តដើម្បីត្រៀមជម្លៀសចេញជាបន្តបន្ទាប់ផងដែរ។

លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពជាប់ជាប្រចាំ ដោយត្រូវប្រកាន់ខ្ជាប់ ការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងត្រូវត្រៀមលក្ខណៈ ក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាព នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ៕

To Top