ភ្នំពេញ៖ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារក្នុងបូរណភាពទឹកដីកម្ពុជា។
ក្នុងញត្តិដដែល ក្រសួងការងាគូសបញ្ជាក់ថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាព ចាស់ទុំខាងនយោបាយការទូតយ៉ាងម៉ឺងម៉ាត់ និងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាង ផ្ទុយទៅវិញ ប្រទេសថៃបែរជារំលោភនូវអធិបតេយ្យភាពក្នុងតំបន់ ដែលកំពុងមានជម្លោះ និងកំពុងដាក់ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយបានលបវាយឆ្មក់មក កាន់កងទ័ពកម្ពុជានាព្រឹកនេះ។
ទន្ទឹមនេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ ប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការ ប្រើប្រាស់យន្តការវាយបកដែលជាសិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលដែល យើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូន កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស បងប្អូនកងទ័ពជួរមុខដែលកំពុងត្រូវបានទ័ពថវាយឆ្មក់ និងកំពុង ទប់ទល់វាយបកនឹងសត្រូវនៅសមរភូមិជួរមុខ តាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួង បានជូនពរបងប្អូនកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុង ការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ។
ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីន របស់សំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ដែលកំពុងតែឈរជើងការពារ ក្នុងបូរណភាពទឹកដីកម្ពុជា។ នេះបើយោងតាមលិខិតដដែល៕

