ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ។
នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក នេត្រ ភក្ត្រា បានលេីកឡេីងថា កងទ័ពឈ្លានពានថៃ បានប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់បែក បំផ្លាញវត្តអារាម និងមណ្ឌលសុខភាព ដែលជាកន្លែងប្រារព្ធជំនឿសាសនា និងព្យាបាលពលរដ្ឋ។
ក្នុងនោះលោករដ្ឋមន្ត្រី បញ្ជាក់ថា យោងតាមមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង៥.៣០នាទីរសៀល មានយន្ដហោះថៃ F16មួយគ្រឿង បានមកទទម្លាក់គ្រាប់ មកលើវត្តតាមាន់សែនជ័យ និងមណ្ឌលសុខភាពតាសែនជ័យ ស្ថិតនៅភូមិតាសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ បង្កឱ្យមានការខូចខាត។
លោក នេត្រ ភក្ត្រា អះអាងថា នេះជាការរំលោភពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់ថៃ។ កងទ័ពថៃ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ និងនៅទីតាំង ៥ កន្លែងផ្សេងទៀត ដែលបង្ហាញពីការឈ្លានពានបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕



