ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ គ្រូពេទ្យ គឺជាកងទ័ពស្ងប់ស្ងាត់ ឈរជើងត្រៀមជានិច្ចនៅជាមួយកងទ័ពខ្មែរ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផែនការយុទ្ធសាស្រ្ត ក្នុងការត្រៀមខ្លួនគាំទ្រផ្នែកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដល់កងទ័ពខ្មែរ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកំពុងផ្ទុះអាវុធ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍មោទនភាព ចំពោះវីរកងទ័ពនៅសមរភូមិជួរមុខរបស់កម្ពុជា ដែលបានលះបង់គ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដី។ សាស្ត្រាចារ្យ បានបញ្ជាក់ថា ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យថ្នាក់ជាតិដែលជាសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបចំចាត់ចែងក្រុមគ្រូពេទ្យ សម្ភារ និងបរិក្ខារ រួចជាស្រេច និងបានកំពុងចេញដំណើរឆ្ពោះទៅខេត្តទីតាំងរៀងៗខ្លួន ដើម្បីត្រៀមជួយគាំទ្រ ដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅទីនោះ ករណីជាយថាហេតុណាមួយកើតឡើង។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានដាក់ចេញនូវចំណុចអាទិភាព មួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ដូចជា៖ មន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការរៀបចំក្រុមគ្រូពេទ្យ និងសម្ភារបរិក្ខារ សម្រាប់ចេញដំណើរទៅតាមតំបន់ព្រំដែន ដើម្បីត្រៀមជួយគាំទ្របន្ថែមក្នុងករណីចាំបាច់។

រៀបចំវិធីសាស្រ្តឲ្យមានការទំនាក់ទំនងគ្នាជាប់ជានិច្ច ក្នុងគោលបំណងបញ្ជូន និងទទួលព័ត៌មានអំពីស្ថានភាពនៅសមរភូមិជួរមុខបានឆាប់រហ័ស ។ ពង្រឹងការយកចិត្តទុកដាក់ចំពោះការឆ្លើយតបបន្ទាន់ ទាំងការជួយសង្រ្គោះបឋម និងការបញ្ជូន ។ ពង្រឹងយន្តការគាំពារសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាលខ្លួនឯងឲ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត

និងត្រូវពង្រឹងនូវគុណភាពសេវាសង្គ្រោះ និងរក្សាអនាម័យ ទៅតាមស្តង់ដារ ទោះបីស្ថិតក្នុងស្ថានភាពអាសន្ន។

លោករដ្ឋមន្រ្តីបន្តថា ក្នុងនោះក៏ត្រូវមានយន្តការផ្តល់ព័ត៌មាន និងរបាយការណ៍ច្បាស់លាស់ មកក្រសួងសុខាភិបាល ហើយនៅតាមឃ្លាំងឱសថកណ្តាល និងខេត្ត ត្រូវពិនិត្យ និងរៀបចំរួចជាស្រេចនូវ សម្ភារ បរិក្ខារ ឱសថ ចាំបាច់ និងសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទៅមូលដ្ឋានសុខាភិបាល និងក្រុមគ្រុពេទ្យនៅតាមតំបន់ព្រំដែន កុំឱ្យមានការខ្វះខាត ។ ជាពិសេរមន្ទីរសុខាភិបាលរាជធានី ខេត្ត ចាត់ចែងរៀបចំក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្លាស់ប្តូរវេន ជាមួយក្រុមគ្រូពេទ្យដែលនៅប្រចាំការតាមតំបន់ព្រំដែន ក្នុងករណីមានតម្រូវការ៕

To Top