ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឧ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ។
កិច្ចប្រជុំដែលបានគ្រោងទុកនៅម៉ោង 3:00 រសៀល (1900 GMT) នឹងប្រព្រឹត្តទៅដោយបិទទ្វារនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ វាត្រូវបានអំពាវនាវជាការឆ្លើយតបទៅនឹងសំណើបន្ទាន់របស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃពុធបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកយោធាកាន់តែកើនឡើងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ។
ការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥សប្តាហ៍នេះ នៅតាមតំបន់ជម្លោះក្បែរខេត្តព្រះវិហារ និងឧត្តរមានជ័យ ភាគខាងជើងនៃប្រទេសកម្ពុជា បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ និងជនស៊ីវិលរាប់ពាន់នាក់ត្រូវភៀសខ្លួន។ មន្ត្រីកម្ពុជាបានចោទថៃថា បានបើកការវាយប្រហារដោយគ្មានការបង្កហេតុដោយប្រើអាវុធធុនធ្ងន់ រួមទាំងការវាយប្រហារតាមអាកាសផងដែរ។
