ភ្នំពេញ៖ ខណៈមានពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់-ស្រាលនៅខេត្តឧត្តមមានជ័យនោះ នៅព្រឹកថ្ងៃ២៥ កក្កដានេះ ប្រជាពលរដ្ឋរស់នៅទូទាំងខេត្តព្រះវិហារវិញដែលជាតំបន់កំពុងមានជម្លោះដូចគ្នានោះគឺមានសុខសុវត្ថិភាពទាំងអស់គ្នា ដោយមិនមានបញ្ហាអ្វីកើតឡើងចំពោះពួកគាត់ទេ ។
លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលភៀសខ្លួនចេញមកពីតំបន់ដែលប្រឈម និងកំពុងផ្ទុះអាវុធនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត មានសុវត្ថិភាព ១០០% និងមានរបៀបរាបរយ ក្នុងការរស់នៅប្រចាំថ្ងៃហើយ បន្ទាប់ពីបានបញ្ជូនពួកគាត់មកនៅបរិវេណមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ ។

លោក គឹម ចាន់បញ្ញា បន្តទៀតថា ដោយសារមានយកចិត្តទុកពីគ្រប់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តបានគិតគូពីសុខទុក្ខលើប្រជាពលរដ្ឋដោយគ្មានការធ្វេសប្រហែសនោះទេ ។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្ត បាននាំគ្នាយ៉ាងសស្រាក់សស្រាំយ៉ាងខ្លាំងក្នុងការបញ្ចៀសពលរដ្ឋដែលពួកគាត់រស់នៅក្នុងតំបន់ប្រឈមការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំបី មកទីទួលមានសុវត្ថិភាពទាំងអស់គ្នាហើយ ពោលគឺបានបញ្ជូនមកកាន់វត្តពោធិ៍៥០០០ដើម ។
លោកបន្តថា “បងប្អូនប្រជាពលរដ្ឋយើងមានសុវត្ថិភាពជាធម្មតា ។ អត់មានបញ្ហាអ្វីទេ ព្រោះពួកគាត់(អាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្ត)បានជម្លៀសពួកគាត់ជាបន្តបន្ទាប់មកមណ្ឌលមានសុវត្ថិភាព វត្តពោធិ៍៥០០០ដើម”។
សម្រាប់ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកំពុងមានជម្លោះនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ អភិបាលខេត្តរងខេត្តបានគូសបញ្ជាក់ថា កំពុងតែក្តៅគគុក ដោយមិនទាន់ធូរស្រាលនៅឡើយនោះទេ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃវាយប្រហារដោយកងកម្លាំងអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។ មូលហេតុមកពីកងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជាក៏បានប្រើសិទ្ធិវាយបកដើម្បីទប់ទល់ការឈ្លានពានពីក្រុមចោរសៀមវិញ។ ក្រោយមក ការវាយប្រហារក៏រីករាលដាលដល់ទីតាំងសរុបចំនួន៨នៅតាមបណ្ដោយព្រំដែន៕
