ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រកាសថា គិតមកដល់ម៉ោងនេះ កងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានឈរជើងយ៉ាងរឹងមាំ នៅលើទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាព នៃការឈ្លានពាន របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានថ្លែងឱ្យដឹងថា ដូច្នេះប្រជាពលរដ្ឋទាំងអស់ សូមមានភាពកក់ក្ដៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មិនឱ្យបរទេសឈ្លានពានកម្ពុជាឡើយ។
លោក គូសបញ្ជាក់ថា «គិតមកដល់ម៉ោងនេះ កងទ័ព កងកម្លាំងប្រដាប់អាវុធ របស់យើងគ្រប់ប្រភេទ បានឈរជើងយ៉ាងរឹងមាំ នៅលើទីតាំង ស្ថិតនៅក្នុងដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើង យ៉ាងរឹងមាំ»។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ត្រូវនឹងថ្ងៃទី២ កងទ័ពកម្ពុជា-ថៃ នៅបន្តប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខ។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាល ទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕
