កែប៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ បានអញ្ជើញ ចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោល ព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីក ហ្វូណនតេជោ។

ដោយមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការ ដ្ឋានគណៈកម្មាធិការពិសេស, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម, តំណាងក្រុមការងារពិសេសសម្តេចធិបតីនាយករដ្ឋមន្ត្រី, ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សម្រាប់បេសកកម្មនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និង គណៈប្រតិភូអមដំណើរ បានអញ្ជើញទៅកាន់ទីតាំង ដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីបញ្ចប់ជាស្ថាពរ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតក្នុងភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីក ហ្វូណនតេជោ ត្រូវបានសម្រេចរួចរាល់ទាំងស្រុងត្រឹមថ្ងៃនេះ ដោយបានអនុវត្ត ក្នុងខេត្តកណ្តាល តាកែវ ខេត្តកំពត និងខេត្តកែប ជាភូមិសាស្រ្តបញ្ចប់ចុងក្រោយគេ។ បង្គោលព្រំដី ដែលបានបោះរួចសរុបទាំងអស់មានចំនួន ១ ៩២០ បង្គោល។

បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បច្ចុប្បន្ននេះ គម្រោងត្រូវ បានអនុវត្តតាមផែនការ សកម្មភាពជាដំណាក់កាល បន្តបន្ទាប់ ស្របទៅតាមផែនការដែលបានគ្រោងទុក។
ចំពោះការចល័តគ្រឿង ចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំរាយព្រែកជីកនេះ៕
