ភ្នំពេញ ៖លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ភាគីថៃដែលបានធ្វើសកម្មភាព ចាប់ផ្ដើមដាក់ពង្រាយគ្រាប់ បែកចង្កោម មកលើកម្ពុជា នៅតំបន់ភ្នំខ្មោច នៅថ្ងៃទី២៥ ខែកក្កដានេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម រំលោភបំពានលើច្បាប់អន្តរជាតិ ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ២៥ កក្កដា អំពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា ថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារ មកលើតំបន់ភ្នំខ្មោច យ៉ាងសន្ធាប់ដែលទង្វើនេះ ជាការបំពានច្បាប់អន្តរជាតិ និងអនុសញ្ញា ស្ដីពីគ្រាប់បែកចង្កោម។
លោកស្រីបញ្ជាក់ថា “ជាការកត់សម្គាល់ថៃ បានចាប់ផ្តើមប្រើគ្រាប់បែកចង្កោម វាយសន្ធាប់និងមានចេតនា ដោយខុសច្បាប់មកលើទឹកដីកម្ពុជា ។ អំពើឈ្លានពានយ៉ាងកំរោល និងគ្មានការរើសអើងនេះ បំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងការប្រើប្រាស់អាវុធបែបនេះ មិនត្រឹមតែបង្ហាពីភាពឃោឃៅ និងអមនុស្សធម៌ពីភាគីថៃប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងឲ្យមើលឃើញ យ៉ាងងាយថា គ្មានខ្លាចរអាចំពោះច្បាប់ មនុស្សធម៌អន្តរជាតិ” ។
លោកស្រីបន្តថា ចាប់តាំងពីផ្ទុះសង្គ្រាម កាលពីព្រឹកថ្ងៃ២៤ កក្កដា មក ក្រុមទាហានថៃ បានប្រើគ្រាប់បែកចង្កោម ចំនួនពីរលើក គិតចាប់តាំងពីការវាយប្រហារជាថ្មី នៅម៉ោង៣រំលងអាធ្រាត្រថ្ងៃ២៥ កក្កដា រហូតមកដល់ម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដានេះ។
សូមបញ្ជាក់ថា ថៃបានបាញ់ប្រហារ មកលើកម្ពុជា៧ទីតាំង ក្នុងនោះបានប្រើប្រាស់ គ្រាប់បែកចង្កោម វាយប្រហារលើ តំបន់ភ្នំខ្មោច នៅម៉ោងប្រមាណជា ៥និង២៥នាទីព្រឹកថ្ងៃ២៥នេះ ៕
