ភ្នំពេញ ៖ ក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ នៅព្រឹកថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីម៉ោង៩ព្រឹក មកនេះ ឃើញថា ចលនាចូលរួមពីក្រុមយុវជន-យុវនារី បាននាំគ្នាសម្រុកមកបរិច្ចាគ យ៉ាងច្រើនកុះករ។

ក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌នៅព្រឹកថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីម៉ោង៩ព្រឹកដល់ ៥ល្ងាច ធ្វើឡើងក្រោមអធិបតី លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ( TYDA ) ។

គោលបំណងនៃការផ្តល់ឈាមនេះ មានពីរចំណុចសំខាន់ៗ ៖ ទី១-ដើម្បីបម្រើដល់សេចក្តីត្រូវការ ជាប្រចាំក្នុងការសង្គ្រោះជីវិត ដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់ , ទី២-ជាពិសេសបំផុតនោះ គឺត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារ សង្គ្រាមឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារពីសំណាក់ចោរសៀម ដែលទាមទារឲ្យមានតម្រូវការឈាម ជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញ តាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយ របស់គ្រូពេទ្យ ព្រោះ “ឈាមជាជីវិត។

ការចូលរួមបរិច្ចាគឈាមនេះ គឺមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់ ក្រុមគ្រូពេទ្យ(TYDA ), និស្សិតអាហាររូបករណ៍សម្តេចតេជោ (AMT) , សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងប្រជាពលរដ្ឋ រួមគ្នាជាកម្លាំងជួរក្រោយ ក្នុងបុព្វហេតុមនុស្សធម៌ និងសង្គ្រោះជីវិត ៕

















