ព័ត៌មានជាតិ

លោក ឃួង ស្រេង ប្រាប់មិត្តបរទេសថា ថៃមិនគួរប្រើយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទ ជាបេតិកភណ្ឌពិភពលោកនោះទេ

ភ្នំពេញ៖​​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានប្រាប់លោក Frédéric VALLIER អគ្គប្រតិភូ នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ថាជាការហួសចិត្តនិងនឹកស្មានមិនដល់នោះ គឺប្រទេសថៃ មិនគួរប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក​ បំផ្លិចបំផ្លាញប្រាសាទ ដែលបានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោកនោះទេ ។

ការលើកឡើងរបស់របស់លោកឃួង ស្រេង ប្រាប់ទៅលោក លោក Frédéric VALLIER ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោក ឃួង ស្រេង បានប្រាប់លោក Frédéric VALLIER ថាថៃមានមហិច្ចតា​ ចង់បានប្រាសាទនានារបស់កម្ពុជា មកធ្វើជារបស់ខ្លួន ថៃបានបង្កឱ្យមានជម្លោះ នៅតាមព្រំដែន រហូតបាញ់មកលើកម្ពុជា ធ្វើឲ្យកម្ពុជា ប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ ដើម្បីការពារបូរណៈភាពទឹកដី ពីចោរឈ្លានពាន ។ ប្រទេសកម្ពុជា​ មានសន្តិភាពពេញលេញ តែត្រូវបានអ្នកជិតខាង​បង្កជាជំលោះ ដែលជម្លោះនេះ គឺដោយសារតែភាគីថៃ មិនគោរពតាមកិច្ចព្រមព្រៀង ដោយបានរំលោភបំពានបូរណភាពទឹកដីកម្ពុជា រហូតបង្កឱ្យមានការផ្ទុះអាវុធ ដាក់គ្នាកាលពីម្សិលមិញ «២៤កក្ដដា» លើសពីនេះភាគីថៃ បានពង្រីកបញ្ហាព្រំដែននេះ ឲ្យប៉ះពាល់ទៅដល់វិស័យពាណិជ្ជកម្មថែមទៀត តាមរយៈការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា អ្វីដែលជាការហួសចិត្ត និងនឹកមិនស្មានដល់សោះនោះ គឺប្រទេសថៃ ជាអរិយៈប្រទេសគួរឱ្យកត់សម្គាល់មួយដែរ មិនគួរដល់ថ្នាក់ ប្រើយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទ ដែលបានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោកនោះទេ។ តាមរយៈសកម្មភាពឈ្លានពាន របស់ប្រទេសថៃនេះ លោកសង្ឃឹមថា ប្រទេសបារាំងនិងគាំទ្រកម្ពុជា ដោយជំរុញឱ្យភាគីថៃ​ អនុវត្តទៅតាមកិច្ចព្រមព្រៀងបារាំង សៀម ដែលមានកន្លងមក ជៀសវាងការប្រើប្រាស់ផែនទី ដែលគូសដោយឯកតោភាគី។ ជុំវិញការដោះស្រាយបញ្ហាព្រំដែន តាមរយៈការប្ដឹងទៅប្តឹងទៅតុលាការអន្តរជាតិ ICJ លោក ឃួង ស្រេង ក៏សង្ឃឹមដែរថា បារាំងនិងគាំទ្រកម្ពុជា។

ជុំវិញការលើកឡើងរបស់លោកឃួង ស្រេង ក្នុងជំនួបនោះលោក Frédéric VALLIER បានលើកឡើងថា មិនមែនក្នុងនាមប្រទេសបារាំងនោះទេ តែក្នុងនាមជាតំណាង​ សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF ជម្លោះប្រដាប់អាវុធ រវាងប្រទេសថៃ និងប្រទេសកម្ពុជា លោកពិតជាសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយសង្ឃឹមថា ជម្លោះដ៏តានតឹងនេះ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីដូចដើមវិញ។ប្រទេសកម្ពុជានិងថៃ​ នឹងរកដំណោះស្រាយបានដ៏ល្អនៅថ្ងៃអនាគត។ មកដល់សតវត្សទី២១ហើយ មិនគួរនិងកើតឡើង នូវជម្លោះដណ្ដើមប្រាសាទគ្នានោះទេ។ គេពិតជាបានដឹងហើយថា ប្រាសាទទាំងនោះ នៅក្នុងទឹកដីអ្នកណា។

បន្ថែមពីនេះទៀត ក្នុងឱកាសនោះដែរ ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងទៀតថា ការអភិវឌ្ឍន៍រាជធានីភ្នំពេញ គឺពិតជាមានការចូលរួម ពីប្រទេសបារាំងផងដែរ តាមរយៈផ្ដល់នូវបច្ចេកទេស ការផ្ដល់នូវប្រឡាយ លូជាដើម។ សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF បានជួយរាជធានីភ្នំពេញ ទៅលើការកសាងស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលផងដែរ។

ជាមួយគ្នានេះដែរ លោក Frédéric VALLIER ក៏ថ្លែងនូវការអរគុណចំពោះការប្តេជ្ញាចិត្តរបស់រាជធានីភ្នំពេញ ក្នុងការគាំទ្រ ចំពោះសកម្មភាពរបស់ AIMF។ រាជធានីភ្នំពេញធ្លាប់ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ AIMF៕

To Top