ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលើកឡើងថា ការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាដែលបានធ្វើឲ្យបាត់បង់ជីវិត និងរបួសរបស់ជនស៊ីវិលកម្ពុជា គឺជាការរំលោភសិទ្ធិរស់រានមានជីវិត។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃ២៥ កក្កដានេះបានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើងដោយថៃ ប្រឆាំងនឹងកម្ពុជា។ សកម្មភាពខុសច្បាប់ និងអរិភាពទាំងនេះបានធ្វើឲ្យខូចអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងតំបន់ និងទទួលយកស្តង់ដារសិទ្ធិមនុស្សជាសកល។

សេចក្តីថ្លែងការណ៍បន្តថា ការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាបានធ្វើឲ្យបាត់បង់ជីវិត និងរបួសរបស់ជនស៊ីវិលកម្ពុជា ដែលជាការរំលោភសិទ្ធិរស់រានមានជីវិត។ លើសពីនេះ ការវាយប្រហារបានបង្ខំឲ្យជនស៊ីវិលកម្ពុជារាប់ពាន់នាក់ដែលរស់នៅតាមតំបន់ព្រំដែនត្រូវជម្លៀសចេញ ខណៈដែលផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេត្រូវបានបំផ្លាញ រំលោភសិទ្ធិសេដ្ឋកិច្ច និងលំនៅដ្ឋានគ្រប់គ្រាន់។

សេចក្តីថ្លែងការណ៍អះអាងថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងអាវុធធុនធ្ងន់របស់ប្រទេសថៃ ដោយបានកំណត់គោលដៅ និងបំផ្លាញផ្នែកខ្លះនៃប្រាសាទព្រះវិហារដ៏ពិសិដ្ឋ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងវត្តនានារបស់កម្ពុជា គឺជាការរំលោភលើវប្បធម៌ និងសាសនា ដោយរំលោភលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ក្នុងឧបទ្ទវហេតុនៃឧប្បត្តិហេតុនៃអង្គការ UNESCO ។


ក្នុងនោះថៃបានធ្វើសកម្មភាពរើសអើងពូជសាសន៍ប្រឆាំងនឹងជនចំណាកស្រុកចំពោះពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ រួមទាំងការវាយដំលើរាងកាយ ការគំរាមកំហែង និងទម្រង់នៃអំពើហិង្សាផ្សេងទៀត ដែលបំពានលើអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកទង្វើទាំងនេះគឺជាការបង្កើតបរិយាកាសនៃការភ័យខ្លាច និងរំលោភលើសិទ្ធិរស់រានមានជីវិត និងសន្តិសុខក្រោមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ៕
