ព័ត៌មានជាតិ

រដ្ឋបាលខេត្តជាប់ព្រំដែន កំពុងស្រាក់ដៃគ្នា គាំពារពលរដ្ឋភៀសខ្លួន និងទទួលពលករវិលពីប្រទេសថៃ ប្រកបដោយភាពកក់ក្ដៅ

ភ្នំពេញ ៖ ស្របតាមគោលការណ៍ណែនាំ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំប្រកប ដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អភិបាលខេត្តជាប់ព្រំដែន និងខេត្តពាក់ព័ន្ធ បាននិងកំពុងសកម្មស្រាក់ដៃគ្នា ទទួលគាំពារពលរដ្ឋភៀសខ្លួនពីតំបន់ប៉ះទង្គិចអាវុធ និងទទួលសម្របសម្រួលដំណើរវិល ចូលប្រទេសរបស់ប្រជាពលរដ្ឋ រួមទាំងពលករពីប្រទេសថៃ ។

លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ នៅថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ ថា ស្របតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន ផ្ដល់កិច្ចសហការគាំទ្រកម្លាំង កងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ត្រៀមលក្ខណៈជម្លៀសពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព និងចាត់មន្ត្រីប្រចាំការសម្របសម្រួលដំណើរវិលពីប្រទេសថៃ របស់ប្រជាពលរដ្ឋខ្មែរ ចាប់តាំងពីពេលមានភាពតានតឹងតាមខ្សែបន្ទាត់ព្រំដែន ក្រោយកងទ័ពថៃឆ្មក់បាញ់ប្រហារ មកលើកងទ័ពកម្ពុជា នៅតំបន់មុំបី មកម្ល៉េះ ។

អ្នកនាំពាក្យដដែល បានឱ្យដឹងថា ចាប់ពីពេលនោះរហូតមានការប៉ះទង្គិចទ្រង់ទ្រាយធំ ពីថ្ងៃម្សិលមិញមកដល់ថ្ងៃនេះ អភិបាលខេត្តជាប់ព្រំដែន ក៏បាននិង កំពុងម្ចាស់ការ យកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ ដោយបានរៀបចំទីតាំង សុវត្ថិភាពជាបន្តបន្ទាប់ និងសម្របសម្រួល ការស្នាក់នៅ បណ្ដោះអាសន្ន របស់ពលរដ្ឋភៀសខ្លួន ទាំងក្នុងខេត្តជាប់ព្រំដែន និងខេត្តជាប់ព្រំប្រទល់ជាមួយខេត្តជាប់ព្រំដែន។ ជាក់ស្ដែងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤កក្កដាម្សិលមិញ បានជូនដំណឹងពីការត្រៀម ទទួលពលរដ្ឋភៀសខ្លួនពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

បន្ថែមលើនេះ បើតាមអ្នកនាំពាក្យដដែល នៅពេលដែលរដ្ឋបាល ខេត្តជាប់ព្រំដែន បាននិងកំពុងយកចិត្តទុកដាក់គាំពារ ពលរដ្ឋភៀសខ្លួនមកកាន់តំបន់សុវត្ថិភាពនោះ រដ្ឋបាលរាជធានី ខេត្តផ្សេងៗទៀត ក៏បានផ្ដល់ការគាំទ្រជាអាទិ៍ ជំនួយស្បៀងអាហារ ក្រុមគ្រូពេទ្យនិងឱសថ ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។ ជាក់ស្ដែងរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃនេះបានដឹកនាំក្រុមគ្រូពេទ្យជិត២០រូប អ្នកស្ម័គ្រចិត្ត រួមទាំងឱសថចាំបាច់មួយចំនួនទៀត ទៅគាំទ្រការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅតំបន់សុវត្ថិភាព ក្នុងខេត្តព្រះវិហារ។

ដោយឡែកនៅថ្ងៃនេះដែរ រដ្ឋបាលខេត្តប៉ៃលិន ក៏បានប្រកាសជូនសាធារណជន និងអំពាវនាវជាពិសេសប្រជាពលរដ្ឋខ្មែរ ជាពលករនៅប្រទេសថៃ បើពុំមានការចាំបាច់ណាស់ណាទេ សូមធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេស ដោយរដ្ឋបាលខេត្តត្រៀមសម្របសម្រួលទាំងអ្នកមាននិងគ្មានឯកសារ ផ្ដល់អាហារសំរន់ និងរថយន្តក្រុងជូនទៅស្រុកកំណើតដោយឥតគិតថ្លៃទូទាំងប្រទេស។ រដ្ឋបាលខេត្តប៉ៃលិន ថែមទាំងផ្ដល់លេខទំនាក់ទំនង សម្រាប់ពលរដ្ឋ ឬពលករ ដែលចង់វិលត្រឡប់ ប៉ុន្តែខ្វះខាតថវិកា ឬថៅកែមិនបើកប្រាក់ខែឱ្យទៀតផង៕

To Top