ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់ជនរួមជាតិរួមគ្នាប្រកៀកស្មាការពារជាតិ គាំពារសុវត្ថិភាពជូនពលរដ្ឋ និងប្រឆាំងព័ត៌មានក្លែងក្លាយ។
តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ក្នុងស្ថានភាពដែលកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន កំពុងអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ នយោបាយនៃកម្ពុជា កំពុងដឹកនាំបញ្ជាប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បច្ចាមិត្តយ៉ាងអង់អាចនោះ។
លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា “លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត ទាំងជាប់ព្រំដែន និងពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់និងជាអាទិភាពបំផុតលើស្មារតីប្រកៀកស្មាគាំទ្រកម្លាំងកងយុទ្ធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ធានាគាំពារសុវត្ថិភាព ផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំសង្កូវ ជម្រក ព្រមទាំងសេវាបម្រើជីវភាពប្រចាំថ្ងៃនានាជូនប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់ចាប់ផ្ដើមវាយប្រហារដោយភាគីថៃ មុនមកលើកម្ពុជា ឱ្យបានសមស្របនិងភាពកក់ក្ដៅ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់សម្របសម្រួលគាំទ្រជូនប្រជាពលរដ្ឋ ដែលចាកចេញពីប្រទេសថៃ មកវិញឱ្យបានទៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងធានាឱ្យបានជាប្រក្រតីនូវសេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការនានា”។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អាជ្ញាធររដ្ឋបាលដែនដី និងកងកម្លាំងគ្រប់មូលដ្ឋានក្របខណ្ឌក្រសួងមហាផ្ទៃ និយាយដោយឡែក និងជាទូទៅ សូមចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ ឱ្យបានដឹង និងជ្រាបនូវព័ត៌មានពិត ដែលចេញផ្សាយ ឬបញ្ជាក់ដោយរាជរដ្ឋាភិបាល ឬពីអ្នកនាំពាក្យតំណាងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ហើយចៀសវាងការផ្សព្វផ្សាយ ឬចូលរួមចែករំលែកព័ត៌មានមិនពិត ព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់ជាតិ កិច្ចការកងទ័ព និងកិច្ចការនគរបាលការពារព្រំដែន ជាដើម។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំមន្ត្រីនគរបាល និងមន្ត្រីរដ្ឋបាលដែនដីគ្រប់ថ្នាក់ ដែលបាននិងកំពុងបំពេញភារកិច្ចតាមគោលដៅជាយុទ្ធសាស្ត្រ ជាអាទិ៍ សមរភូមិវាយប្រយុទ្ធ ទីតាំងឈរជើងរបស់កងកម្លាំង ឬព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពកងកម្លាំងនៅតំបន់ជួរមុខ ត្រូវប្រកាន់ខ្ជាប់ជាដាច់ខាត រក្សាការសម្ងាត់ ដោយមិនត្រូវបង្ហោះរូបភាព វីដេអូ ឬសារសំឡេងណាមួយដែលគ្មានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំ ឬចែករំលែករូបភាព ខ្លឹមសារសំណេរ វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ ឬដែលមានកម្មវត្ថុបង្កឱ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ៕
