ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចបានបញ្ជាក់ប្រាប់ថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួចហើយ ថា កម្ពុជាឯកភាពជាមួយសំណើរបស់លោក ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ បន្ទាប់ពីសម្តេចសង្កេតឃើញថា មានការចុះផ្សាយ នូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មាន អន្តរជាតិមួយចំនួន ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ។
តាមរយៈបណ្តាញសង្គម នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី មានការចាំបាច់ត្រូវធ្វើការបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយសម្តេចតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។
ក្នុងនោះ សម្តេចធិបតី អះអាងថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញនូវកង្វល់ ពាក់ព័ន្ធ នឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរក ដំណោះស្រាយ រវាងភាគីទាំងពីរ ។
សម្តេចធិបតី ថ្លែងថា “ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយ សំណើរបស់ឯកឧត្តម ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការ វាយប្រយុទ្ធនេះទេ ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សា ជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។ ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរ ពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់”។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្ថែមថា ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះ ប្រដាប់អាវុធរវាងថៃនិងកម្ពុជា នៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូង នៃការស្វែងរកដំណោះស្រាយបន្ត ទៅមុខទៀតរវាងភាគីទាំងពីរ ៕
