ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទទួលបានឈាមចំនួន ២,១១៧ប្លោក

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទទួលបានឈាមចំនួន ២,១១៧ប្លោក ដើម្បីគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជន ដែលជាជនភៀសសឹក។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ បានមកបរិច្ចាគឈាមយ៉ាងច្រើន តបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។

សម្ដេច គូសបញ្ជាក់ថា «ជាលទ្ធផលនៃការបរិច្ចាគយើងទទួលបានឈាមចំនួន ២,១១៧ប្លោក។ ជាមួយគ្នានេះ ក៏មានបងប្អូន អ៊ំពូមីង តាយាយក៏បានអញ្ជើញទៅដល់ទីតាំង ហើយមិនទាន់បានបរិច្ចាគ និងបានចុះឈ្មោះតាម QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន ៩,៣៣៦នាក់»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រើននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕

To Top