ព័ត៌មានជាតិ

អាជ្ញាធរមីន ៖ យោធាថៃប្រើគ្រាប់បែកចង្កោម គឺបង្កមហន្តរាយ មកលើប្រជាជន ស៊ីវិលស្លូត ត្រង់របស់កម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បង្ហាញការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការឈ្លានពាន ដោយគិតព្រាងទុកជាមុន និងដោយចេតនា វាយប្រហារមកលើប្រទេសកម្ពុជារបស់យោធាថៃ ខណៈការប្រើអំពើហិង្សានេះ និង ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់នោះ បានបង្កជាមហន្តរាយមនុស្សធម៌ មកលើប្រជាជនស៊ីវិលស្លូតត្រង់ របស់កម្ពុជា ។

សេចក្តីប្រកាសរបស់អាជ្ញាធរមីននាថ្ងៃ២៧ កក្កដា នេះបានឲ្យដឹងថា អ្វីដែលគ្រប់គ្នា បាននិងកំពុងតែមើលឃើញនៅពេលនេះ គឺមិនមែនជា ជម្លោះយោធានោះទេ ប៉ុន្តែជាការបង្កសោកនាដកម្ម ដល់ប្រជាជនស្លូតត្រង់ ស្ត្រី កុមារ ព្រះសង្ឃ និងកសិករ ។ ក្នុងរយៈពេល៧២ ម៉ោង ចុងក្រោយនេះ មនុស្សបានរបួសនិងបាត់បង់ជីវិត និងផ្ទះសម្បែង ទ្រព្យសម្បត្តិ និង ទីសក្ការៈបូជាត្រូវបានបំផ្លាញ ត្រូវនិងឆេះខ្ទេចខ្ទី ។ ប្រាសាទព្រះវិហារ ដែលមានតម្លៃជាសកល សម្រាប់មនុស្សជាតិ ជាបេតិកភណ្ឌ ពិភពលោក ជានិមិត្តរូបនៃដួងព្រលឹងសន្តិភាព និងជាអត្តសញ្ញាណជាតិកម្ពុជា ត្រូវទទួលរងផលប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារនេះ។

អាជ្ញាធរមីនគូសបញ្ជាក់ថា “វាគឺជាការឈឺចាប់បំផុត របស់ប្រជាជាតិ ហើយវានឹងបន្តដល់មនុស្ស ជំនាន់ក្រោយ” ។

អាជ្ញាធរបានរៀបរាប់ ពីការប្រើប្រាស់គ្រាប់បែកចង្កោម របស់យោធាថៃថា គ្រាប់បែកចង្កោមដែលថៃខ្លួនឯង បានទទួលស្គាល់ថា បានប្រើប្រាស់ គឺជាអាវុធដ៏ព្រៃផ្សៃបំផុត ដែលប្រើប្រាស់នៅក្នុងសង្គ្រាម ។ គ្រាប់បែកចង្កោមទាំងនេះ មិនត្រឹមតែបង្កសោកនាដកម្មនាពេលបច្ចុប្បន្ន នោះទេ តែនឹងបន្តនៅពាសពេញផ្ទៃដីរបស់កម្ពុជា និងបន្តបង្កសោកនាដកម្ម ដល់មនុស្សនាពេលអនាគត ព្រោះនៅពេលដែលគ្រាប់បែកនេះធ្លាក់មក នឹងបែកចេញជាគ្រាប់តូចៗជាច្រើន ស្រោចស្រពទៅលើវាលស្រែ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីតាំងប្រាសាទនានា។ គ្រាប់ទាំងនេះ នឹងមិនបាត់ទៅវិញឡើយ ទោះបីជាសង្គ្រាម បានបញ្ចប់ក៏ដោយ ហើយនឹងក្លាយជាស្រមោល ដ៏សែនឃោរឃៅនៃសង្គ្រាម ដែលបន្តគំរាមកំហែង ដល់ប្រជាជន។ ក្នុងនោះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតកសិករ នៅពេលដែលពួកគេត្រលប់ ទៅប្រើប្រាស់ដីរបស់ខ្លួនវិញ និងគ្រោះថ្នាក់ដល់ជីវិតកុមារ នៅពេលដែលពួកគេលេងនៅជុំវិញផ្ទះរបស់គេ ហើយក៏នឹងបន្តធ្វើឲ្យសហគមន៍ទាំងមូល រស់នៅក្នុងភាពភ័យខ្លាច៕

To Top