ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល ចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីសម្របសម្រួល ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ របស់ពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ព កម្ពុជា-ថៃ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ចំពោះការវិលត្រឡប់ ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរ យើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល» ។
សម្ដេច បន្ដថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្ន របស់បងប្អូននៅតំបន់ព្រំដែន តាមការចាំបាច់។
សម្ដេច បន្ថែមថា ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត ។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួល ក្នុងការទទួលបងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ នៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
សម្ដេច បន្ដទៀតថា ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន ។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយ តាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់ លើជីវភាពរស់នៅនិងសុខសប្បាលភាព របស់បងប្អូនដំណាក់កាលលំបាកនេះ ។
ជាមួយគ្នាដែល សម្ដេច នាយករដ្ឋមន្ដ្រី បានចូលរួមរំលែកទុក្ខ ចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិល ដែលបានស្លាប់ ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ សម្ដេច ក៏សូមកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។
សម្ដេច ក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបន្តគាំទ្រ និងផ្ដល់ការលើកទឹកចិត្ត ដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការ យ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិ ក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ ៕
