ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ម៉ោងប្រមាណជា១១ព្រឹកថ្ងៃទី២៧ ខែកក្កដានេះ កងទ័ពថៃ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើន បាញ់ប្រហារយ៉ាងកម្រោលចូលទឹកដីកម្ពុជា ដោយគ្មានកោតញញើត។
ក្នុងសន្និសីទសារព័ត៌មាន បង្ហាញស្តីពីការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា-ថៃ នាថ្ងៃ២៧ កក្កដានេះលោកស្រីមានប្រសាសន៍ថា យោធាថៃ នៅបន្តវាយប្រហារទាំងទទឹងទិស និង មិនរើសគោលដៅមកលើកម្ពុជា ដែលបានបង្កវិនាសកម្មកើតឡើងជារៀងរាល់ថ្ងៃ ដើម្បីបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ រួមទាំងវត្តអារាម មណ្ឌលសុខភាព ទីប្រជុំជន ផ្សារ ភូមិដ្ឋាន និងប្រាសាទព្រះវិហារ ។ វិនាសសកម្មនេះបានប៉ះពាល់ទៅដល់ក្មេងតូចៗ ស្រ្តីមានផ្ទៃពោះ និងជនចាស់ជរា ។
អ្នកនាំពាក្យបញ្ជាក់ថា “សូមជម្រាបជូនថា មកទល់ពេលនេះ ទាហានថៃ នៅតែបន្តបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា យ៉ាងកម្រោលនិងមិនញញើត អំពីច្បាប់អន្តរជាតិ ។ ទង្វើដដែលៗនេះ មិនត្រឹមគឃ្លើនទេ គឺបានពង្រីកការឈ្លានពានរបស់ខ្លួនលើដែនអធិបតេយ្យភាពរបស់កម្ពុជា”។
លោកស្រីបន្ថែមថា សកម្មភាពរបស់ថៃនេះ គឺជាទង្វើ សាហាវព្រៃផ្សៃ យង់ខ្នងនិង អមនុស្សធម៌ ដែលបានរំលោភបំពានយ៉ាងច្បាស់ ទៅលើគោលការណ៍មនុស្សធម៌ ច្បាប់អន្តរជាតិ និងសន្ធិសញ្ញាទីក្រុងហ្សឺណែវ ។
លោកស្រីអះអាងទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃយោធាថៃ បានពង្រាយកងកម្លាំងវាយប្រហារលើកម្ពុជា កាន់តែខ្លាំងឡើង ដោយមិនចាត់វិធានការ ដើម្បីធ្វើយ៉ាងណាបន្ធូបន្ថយភាពតានតឹងនោះឡើយ បើទោះបីជាមានការដាក់សម្ពាធពីសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ មួយចំនួនទៀតក៏ដោយ ៕
