ភ្នំពេញ៖គិតត្រឹមម៉ោង ១១:២៥នាទីព្រឹក ថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ទឹកប្រាក់សុទ្ធជាង១៣ម៉ឺនដុល្លារ ប្រាក់រៀលជាង៥០០លានរៀល និងស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យ ត្រូវបានសប្បុរសជនប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែក ជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃ ឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។

សម្រាប់ថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី២៧ កក្កដានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅតែបង្ហាញក្នុងវត្តមានចាំទទួលអំណោយនានា ពីប្រជាពលរដ្ឋនិងសប្បុរសជន នៅសាលារាជធានីភ្នំពេញ ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃនេះថា៖ គិតត្រឹមម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៧ កក្កដានេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលបានថវិកាពីសប្បុរសជន ជាប្រាក់ដុល្លារសរុបចំនួន១៣ម៉ឺន៧០១ដុល្លារ និងប្រាក់រៀលសរុបចំនួន៥៣២ ៨៩២ ៦២៥ រៀល រួមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសំភារៈផ្សេងៗមួយចំនួនធំទៀត។
លោកស្រីបន្តថា សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ខឿនការពារជាតិប្រជាជននេះ បងប្អូនប្រជាពលរដ្ឋយើង បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់ សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែក ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភាសឹក ដែលកំពុងតែជ្រក់កោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។

លោកស្រី សូមជម្រាបបងប្អូនសប្បុរសជននានា អាចបន្តចូលរួមបរិច្ចាគ ជាបន្តបន្ទាប់ទៀត បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារ ចាំទទួលសំភារៈនិងថវិកាតាមរយះQR Code។

ឆ្លៀតក្នុងឱកាសនេះ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។ បងប្អូនអាចបន្តចូលរួមបរិច្ចាគ ជាបន្តបន្ទាប់ទៀតបាន។សូមគោរពអរគុណនូវទឹកចិត្ត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយខ្មែរ៕



