ព័ត៌មានជាតិ

សម្តេចធិបតី៖ ទុក្ខលំបាកថ្ងៃនេះ បង្ហាញយ៉ាងច្បាស់ អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ នៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារៀលថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៥នេះ បានធ្វើការថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពាន ពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។

ជាមួយនេះ សម្តេចធិបតី ក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្ម ជាមួយនឹងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក្នុងការបម្លាស់ទីមកកាន់ទីជម្រកសុវត្ថិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារ​ ឈ្លានពានទីតាំងភូមិឋាននានាដោយកងទ័ពប្រទេសថៃ។

ទន្ទឹមនឹងនេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗ ជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការទុក្ខលំបាកថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ នៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតាឈ្លានពានដោយព្រះជាណាចក្រថៃ៕

To Top