ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ត្រូវតែឱ្យប្រទេសថៃ ទទួលខុសត្រូវឱ្យបានពេញលេញ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលប្រទេសថៃ បានឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ។
ការថ្លែងរបស់លោស្រី អ្នកនាំពាក្យក្រសួងការពារជាតិខាងលើនេះ បានធ្វើឡើងក្នុងសន្នីសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាចនេះ ។
ក្នុងនោះលោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ជាថ្មីថា ភាគីថៃ បានវាយប្រហារមុន មកលើកម្ពុជា ចាប់ពីថ្ងៃទី២៤មករហូតដល់ថ្ងៃទី២៧នេះ ពោលនៅវេលាម៉ោង២រំលងអាធ្រាត្រ គឺភាគីថៃ បានផ្លោងចូលមកកាន់វាលឥន្ទ្រី ក្នុងដែនអធិតេយ្យភាពកម្ពុជា ។
ក្នុងនោះអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា សារព័ត៌មាន ក៏ដូចជាអ្នកនាំពាក្យជើងគោកថៃ បានចោទប្រកាន់កម្ពុជា ថាបានប្រើប្រភេទអាវុធធន់ធ្ងន់ PHL-03 ខណៈដែលលោកស្រីបញ្ជាក់ថា នេះគឺជាព័ត៌មានដែលប្រឌិត កុហក់បំពុល និងលាបពណ៌មកកម្ពុជា និងជាព័ត៌មានក្លែងក្លាយ បំភ័ណ្ឌល់ប្រជាជនខ្លួនឯង និងសហគមន៍អន្តរជាតិ ខណៈមកទល់ពេលនេះ កម្ពុជា មិនទាន់មានភាពចាំបាច់ណាមួយ នឹងការប្រើប្រភេទអាវុធ PHL-03 នៅឡើយទេ ។
ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ចំពោះសកម្មភាព ឈ្លានពាន និងចេតនា គិតទុកជាមុននេះ បានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដោយថ្នាក់ដឹកនាំ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការស្វែងរកបទឈប់បាញ់ ដែលជាកិច្ចខិតខំប្រឹងប្រែង ត្រូវបានគាំត្រជាសាធារណៈ និង ច្បាស់លាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដោយ ។ ការបន្តរំលោភអធិបតេយ្យភាពកម្ពុជា ប្រព្រឹត្តដោយយោធាថៃ យ៉ាងគឃ្លើន និងមិនគោរពច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងធ្ងន់ធ្ងរមួយ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព ស្ថេរភាព មិនត្រឹមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូលផងដែរ សកម្មភាពនេះ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់ របស់ភាគីថៃ ក្នុងការបង្កើន ជាងការកាត់បន្ថយជម្លោះ ។
លោកស្រីអ្នកនាំពាក្យ មានប្រសាសន៍ថា “កម្ពុជា សូមអំពាវនាវឱ្យយោធាថៃ បញ្ឈប់ការភូតភរជាបន្តបន្ទាប់ ហើយឈប់ប្រើលេសមិនពិត ដើម្បីបង្ហាញពីហេតុផលឈ្លានពានខុសច្បាប់របស់ខ្លួន ។ សហគមន៍អន្តរជាតិ ត្រូវតែចាត់ទុកប្រទេសថៃ ឱ្យទទួលខុសត្រូវឱ្យបានពេញលេញ ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារ ឱ្យបញ្ឈប់អំពើអរិភាពទាំងអស់ ។ កម្ពុជា បញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ ចំពោះបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់វិវាទ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ”៕
