ព័ត៌មានជាតិ

ក្រសួងការងារកម្ពុជា អំពាវនាវឱ្យអាជ្ញាធរថៃ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីដោះស្រាយករណីការរើសអើងពលរដ្ឋខ្មែរនៅថៃ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរថៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីដោះស្រាយករណីការរើសអើង និងការប្រើហិង្សាដែលបានកើតឡើងលើពលករខ្មែរ​ នាពេលកន្លងមក ព្រមទាំងអំពាវនាវឱ្យពលរដ្ឋខ្មែរនៅប្រទេសថៃ ត្រឡប់មកវិញ។

នេះបេីយោងតា​មសេចក្តីអំពាវនាវ អំពីការទប់ស្កាត់ការរើសអើងនិងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ​ ចេញផ្សាយដោយ​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ២៨​ កក្កដានេះ។ 

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បង្កឡើងដោយក្រុមជ្រុលនិយមថៃ ដែលត្រូវបានផ្សព្វផ្សាយចែករំលែកលើគណនីបណ្តាញទំនាក់ទំនងសង្គម ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

To Top