មេដឹកនាំថៃ និងកម្ពុជា កំពុងជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រឹងប្រែងជាបន្ទាន់មួយ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែន ដែលឈានចូលដល់ថ្ងៃទី ៥ បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យមានសន្តិភាពក៏ដោយ ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai គ្រោងនឹងជួបពិភាក្សាគ្នា នៅរសៀលថ្ងៃច័ន្ទនេះ នៅឯគេហដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលកំពុងធ្វើជាម្ចាស់ផ្ទះការចរចា ក្នុងនាមជាប្រធានប្លុកតំបន់ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីការផ្ទុះគ្រាប់មីននៅតាមព្រំដែន បានធ្វើឲ្យទាហានថៃប្រាំនាក់រងរបួស។ ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការចាប់ផ្តើមការប៉ះទង្គិចគ្នា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ និងបានជម្លៀសមនុស្សជាង ២៦ម៉ឺននាក់ទាំងសងខាង ។ ប្រទេសទាំងពីរបានបិទស្ថានទូតរបស់ខ្លួន និងថៃបិទច្រកព្រំដែនទាំងអស់ ជាមួយកម្ពុជា ដោយលើកលែងចំពោះពលករខ្មែរចំណាកស្រុក ដែលត្រឡប់ទៅប្រទេសកំណើតវិញ ។
ទាហានពីភាគីទាំងពីរបានរាយការណ៍ថា ការប្រយុទ្ធគ្នាកំពុងបន្តនៅថ្ងៃចន្ទនេះ នៅតាមតំបន់ព្រំដែន ។ អ្នកយកព័ត៌មាន Associated Press ដែលរាយការណ៍ពីជម្លោះបាននិយាយថា សំឡេងកាំភ្លើងអាចឮនៅពេលព្រលឹមស្រាងៗ នៅក្នុងភូមិសាស្រ្តស្រុកសំរោង ក្នុងខេត្តឧត្តរមានជ័យ របស់កម្ពុជា ៕
