ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា បុគ្គលណាលក់ខ្លួនឱ្យថៃ ដែលកំពុងឈ្លានពានកម្ពុជា ជនក្បត់ជាតិទាំងនោះ នឹងត្រូវ «ដកសញ្ជាតិខ្មែរ» ស្របតាមច្បាប់ជាធរមាន។
តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទូច សុឃៈ បានសេចក្ដីប្រកាសដំណឹង ថា ដោយសង្កេតឃើញថា សមត្ថកិច្ច ចាប់បានបុគ្គលមួយចំនួនជាបន្តបន្ទាប់ លក់ខ្លួនឱ្យប្រទេសថៃ ដែលកំពុងឈ្លានពានកម្ពុជា លោក សូមប្រកាសយ៉ាងដាច់អហង្កាថា សមត្ថកិច្ច នឹងមិនអត់ឪនឱ្យបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តិអំពើក្បត់ជាតិឯង ដូចខាងក្រោម៖
១.ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។
២.អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។
៣.ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។
៤.ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។
លោក គូសបញ្ជាក់ថា «ក្រៅពីការផ្ទន្ទាទោសដូចខាងលើ គ្រប់ជនក្បត់ជាតិ នឹងត្រូវ «ដកសញ្ជាតិខ្មែរ» ស្របតាមច្បាប់ជាធរមាន។ យើង ខ្ញុំសង្ឃឹមថា បងប្អូនមួយចំនួន ដែលលង់ខ្លួនចាញ់ឧបាញកលរបស់បរទេសឈ្លានពាន ភ្ញាក់រលឹកមានមនសិការ ឡើងវិញ និងបញ្ឈប់ជាបន្ទាន់រាល់អំពើក្បត់ជាតិដូចបានប្រកាសជូនខាងលើនេះ»៕
