ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃ លើបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ ៖ នៅចំពោះមុខគណៈប្រតិភូ ដែលជាប្រធានសភាជាស្រ្តីក្នុងពិភពលោកចំនួន ៣០ប្រទេស ចូលរួម សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្រក់ទឹកភ្នែក អាណិតប្រជាពលរដ្ឋខ្មែរ ពិសេសស្រ្តីនិងកុមារ ដែលជាជនស្លូតត្រង់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយអាវុធធុនធ្ងន់ យ៉ាងឃោរឃៅពីការឈ្លានពានរបស់ប្រទេសថៃមកលើដែនធិបតេយ្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15 SWSP) ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព» សម្តេច ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងគឃ្លើនរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលជាការរំលោភទាំងស្រុងលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានរំលោភទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋធិបតេយ្យមួយ។ អំពើព្រៃផ្សៃនោះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋស្លូតត្រង់ ពិសេសស្រ្តីនិងកុមារ ដែលជាជនងាយរងគ្រោះ។

សម្ដេច បន្ដថា ក្នុងទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធដ៏ទៃផ្សេងទៀត ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

សម្ដេច គូសបញ្ជាក់ថា «យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីការពារជនស៊ីវិល ពិសេសស្រ្តី និងកុមារ ដើម្បីចៀសផុតពីការឈឺចាប់នេះបន្តទៀត។ បន្ថែមពីនេះ យើងត្រូវពង្រឹងតួនាទីរបស់ស្រ្តីក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះដែលកំពុងកើតមាននេះ»៕

To Top