ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ភាគីថៃបានចោទប្រកាន់កម្ពុជា ប្រើប្រាស់កាំជ្រូចរយៈចម្ងាយឆ្ងាយ (PHL03) ដើម្បីជាលេសឆ្លៀតឱកាសតម្លើងការប្រើប្រាស់អាវុធ កាន់តែសាហាវជាមុនប៉ុណ្ណោះ ។
ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការពារនេះ ឆ្លើយតបទៅភាគីថៃដែលបានចោទប្រកាន់មកលើកម្ពុជា ទាំងកម្រោលថា កងទ័ពកម្ពុជា បានប្រើអាវុធប្រភេទ PHL03 ។
ចំពោះការចោទប្រកាន់នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព នៃប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នាថ្ងៃ២៨ កក្កដា លោកស្រីម៉ាលី សុជាតា ក្នុងនាមជាអ្នកនាំពាក្យអះអាងថា ពុំមែនជាការពិតនោះទេ ។
លោកស្រីបញ្ជាក់ថា “ក្រសួងការពារជាតិកម្ពុជា បន្តថ្កោលទោស និងច្រានចោលយ៉ាងដាច់អហង្ការសារជាថ្មី ចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ភាគីថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើកាំជ្រូចរយៈចម្ងាយឆ្ងាយ PHL03 បាញ់ចូលទឹកដីថៃ ។ កម្ពុជាសូមបញ្ជាក់យ៉ាងច្បាស់លាស់ថា មកទល់ពេលនេះ មិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើកាំជ្រូចរយៈចម្ងាយឆ្ងាយនៅឡើយទេ” ។
លោកស្រីបន្តថា ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានកា រពិតពីភាគីថៃនេះ បានឆ្លុះបញ្ចាំងថា ជាលេសរបស់ថៃដើម្បីឆ្លៀត ឱកាសតំឡើងកម្រិត នៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន អមនុស្សធម៌ ជាងមុន និងកាន់តែខ្លាំងជាងមុនក្នុងការវាយប្រហារ រំលោភបំពានលើដែន អធិបតេយ្យភាពកម្ពុជា ដើម្បីមួលបង្កាច់កម្ពុជា ក្នុងការបំភាន់មតិជាតិ-អន្តរជាតិ និងពលរដ្ឋរបស់ខ្លួនទៅវិញ ៕
