ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានជំនឿយ៉ាងមុតមាំថា ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ ជាលទ្ធផលឈានទៅការបញ្ឈ់សង្គ្រាមឈ្លានពានគ្នា និងរួមគ្នាកំណត់ព្រំដែនមួយប្រកបដោយសន្តិភាព។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា «យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ជំនួបរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ជាលទ្ធផលឈានទៅការបញ្ឈ់សង្គ្រាមឈ្លានពានគ្នា និងរួមគ្នា កំណត់ព្រំដែនមួយប្រកបដោយសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ»។
នៅចំពោះមុខនេះ ភាគីទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នាជាមួយសាក្សីប្រធានអាស៊ាន សហរដ្ឋអាមេរិក និងចិន ដូចខាងក្រោម៖

១.បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។
២.រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង៧ ថ្ងៃទី២៩ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង
៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
