ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។

សូមបញ្ជាក់ថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាដូចខាងក្រោម៖

  1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
  2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
  3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
To Top