ភ្នំពេញ ៖ ឆ្លើយតបទៅនឹងស្ថានការណ៍ នៅតំបន់ព្រំដែនកម្ពុជា–ថៃ ភ្លាមៗនេះ វីតាល់ និងមីជាតិ បានផ្តើមយុទ្ធនាការមួយដ៏កក់ក្តៅ ក្រោមប្រធានបទ «ខ្មែរដើម្បីខ្មែរ» នាំស្បៀងអាហារ និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។

ក្នុងនាមឈាមជ័រខ្មែរ ដែលជ្រកក្រោមទង់ជាតិតែមួយ នៃព្រះរាជាណាចក្រកម្ពុជា វីតាល់ និងមីជាតិ ពិតជាមិនអាចមើលរំលង នូវសេចក្ដីត្រូវការ និងកង្វះខាតនានា ដែលបងប្អូន ប្រជាពលរដ្ឋគ្រប់គ្នានៅទីនេះ កំពុងជួបប្រទះនោះទេ ។ អំណោយស្បៀងអាហារ និងសម្ភារចាំបាច់ សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ ដែលបានយកផ្តល់ជូនគ្រួសារភៀសសឹកនាថ្ងៃនេះ កើតចេញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ យ៉ាងជ្រាលជ្រៅពីសំណាក់ បុគ្គលិកវីតាល់-មីជាតិ គ្រប់លំដាប់ថ្នាក់ ទាំងអស់ដែលបានចូលរួមជាសកម្មរៀបចំ ដោយផ្ទាល់តែម្ដង ត្រឹមតែក្នុងរយៈពេល ១២ម៉ោងតែមុននេះប៉ុណ្ណោះ កាលពីថ្ងៃទី២៧ កក្កដានេះ ។

គួរបញ្ជាក់ថា ក្រោមមូលបទ “ខ្មែរដើម្បីខ្មែរ” អំណោយនាំមកជូនថ្ងៃនេះរួមមាន ៖ តង់, អង្រឹង, មុង, ភួយ, ក្រម៉ា, ដែកកេស, អំពូល សូឡា, សាប៊ូកក់សក់ និងដុសខ្លួន, ទឹកដោះគោ, អាហារសម្ងួត, ខ្សែចង រួមជាមួយ ទឹកពិសាវីតាល់, មីជាតិ ដែលសុទ្ធសឹងជាស្បៀងអាហារ និងសម្ភារចាំបាច់ ខ្វះពុំបានក្នុងគ្រា ដ៏លំបាកនេះ។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួង ដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិ ក្នុងលោកជួយ ប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារទឹកដី នៅសមរភូមិជួរមុខ ឱ្យជួបប្រទះតែសេចក្តីសុខ និងជ័យជំនះ ៕





























