ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ ប្រកបដោយសុវត្ថិភាព ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាព បទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។

នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកូឡាឡាំពួរ នាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំរវាងកម្ពុជា-ថៃ នាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏ល្អហើយ ទទួលបានលទ្ធផលល្អណាស់។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃដដែលនេះ បានអញ្ជេីញទៅចូលរួម កិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងភាគីចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កម្ពុជានិងថៃ បានឯកភាពគ្នា តាមគំនិតផ្ដួចផ្ដើម របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។៕







