ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាង១០០មុខ បានពីសប្បុរសជន ប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ

ព្រះវិហារ៖ រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាង១០០មុខ ដែលបានមកពីទឹកចិត្តសប្បុរសជន ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញ ពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពាន យ៉ាងគឃ្លើនរបស់ទាហានថៃ មកលើអធិបតេយ្យភាពកម្ពុជា នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។ខេត្តព្រះវិហារ ។

អំណោយទាំងអស់នេះ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំទៅប្រគល់ជូនដល់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ផ្ដល់ដល់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោមការទទួលពីអាជ្ញាធរខេត្ត ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលបានជម្លៀស ចេញ ពីផ្ទះសម្បែងចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់ ។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូន ដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នាពេលនេះ រួមមាន ៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ ចំនួន១០៣មុខ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានថ្លែង អំណរគុណ គុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ ទឹក ចិត្ត សប្បុរសជន នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធន់ធាន តាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភ ដល់ វីរកងទ័ព ជួរមុខ និង ក្រុម គ្រួសារ ប្រជាពលរដ្ឋ ដែល បាននិងកំពុង ជម្លៀស ចេញ ពីផ្ទះសម្បែង មកស្នាក់នៅទីកន្លែង សុវត្ថិភាព ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ និងសូម អរគុណ នូវ ទឹក ចិត្ត របស់ បងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជន ក្នុង ស្មារតី ខ្មែរ ជួយ ខ្មែរ ។

ក្នុងឱកាសនោះដែរលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ឱ្យតំណាង នាំយកអំណោយរបស់ប្រជាពលរដ្ឋ និងសប្បុរសជន ក្នុងរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នេះ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ៕

To Top