ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្រកាសថា សន្ដិភាពវិលវិញហើយ នឹងក្លាយជាការពិតនាពេលប៉ុន្មានម៉ោងទៀតនេះ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ប្រកាសថា សន្ដិភាពវិលវិញហើយ នឹងក្លាយជាការពិតជាក់ស្ដែង នាពេលប៉ុន្មានម៉ោងទៀតខាងមុខនេះ។ នេះជាការលើកឡើងរបស់របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ការលើកឡើងរបស់ លោករដ្ឋមន្ត្រី បន្ទាប់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានឯកភាពគ្នាចំនួន ៣ចំណុច រួមមាន ៖

១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។

២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង៧ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ។

៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័តមាន ក្នុងឱកាស សម្ដេច នាយករដ្ឋមន្ដ្រី ដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងថា «រាជរដ្ឋាភិបាល សូមប្រកាសប្រាប់ថា សន្ដិភាពវិលវិញហើយ សន្ដិភាពដែលនៅផុយស្រួយនៅឡើយ នឹងក្លាយជាការពិតជាក់ស្ដែង នាពេលប៉ុន្មានម៉ោងទៀត ខាងមុខនេះ»។

លោក បន្ដថា កម្ពុជាយើង ប្រជាជាតិយើង ខ្មែរយើង នឹងត្រូវបន្ដរួបរួមគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបន្ដរក្សា ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ជាពិសេស គឺសុខសន្ដិភាព។

លោក បន្ថែមថា បន្ដរួបរួមគ្នាកសាងមាតុភូមិ ក្រោយសករាជសង្គ្រាម ៥ថ្ងៃ ដែលនឹងកន្លងទៅផុតទៅនេះ ៕

To Top