ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិទាំងខាងម៉ាឡេស៊ី កម្ពុជា និងថៃ និងបង្កើតយន្តការលម្អិត សម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់ យន្តការនេះគឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និរន្តរភាព និងការទទួលខុសត្រូវ។
ការថ្លែងរបស់លោក ហ្សង់ ហ្រ្វង់ស័រតាន់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយដំណើរអញ្ជើញមាតុភូមិនិវត្តន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នារាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នេះគឺជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ ។
ក្នុងនោះលោក បានគូសបញ្ជាក់ថា ម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ត្រៀមរួចជាស្រេច ក្នុងកការសម្របសម្រួលរៀបចំឱ្យមាន ក្រុមអ្នកអង្កេតការណ៍មួយ ដើម្បីចុះពិនិត្យនិងធានាការអនុវត្តបទឈប់បាញ់ ម៉ាឡេស៊ី ក៏នឹងពិគ្រោះជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍មើល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងតំបន់ ដើម្បីគាំទ្រសន្តិភាពពិតប្រាកដ ។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ទទ្ទឹមនេះ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិទាំងខាងម៉ាឡេស៊ី កម្ពុជា និងថៃ និងបង្កើតយន្តការលម្អិត សម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់ យន្តការនេះគឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និរន្តរភាព និងការទទួលខុសត្រូវ ។ និងបានអះអាងថា សង្គ្រាមចប់ហើយ បើយោងទៅតាមលទ្ធផលនៃកិច្ចចរចាប្រវត្តិសាស្ត្រ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Phumtham នាយករដ្ឋមន្ត្រីស្តីទីថៃ នៅថ្ងៃនេះ ។
លោកថែមទាំង បានសង្កត់ធ្ងន់ថា ស្នូរកាំភ្លើងនឹងលែងលាន់លឺទៀតហើយ ចាប់ពីយប់នេះ ចាំពីម៉ោង១២អាធ្រាត្រទៅ បើយោងលើស្មារតីនៃទំនួលខុសត្រូវ របស់មេដឹកនាំកំពូលទាំងពីរ កម្ពុជា-ថៃ នៅចំពោះមុខប្រជាជាតិរៀងខ្លួន និងនៅចំពោះមុខតំបន់ ព្រមទាំងពិភពលោក៕
