ព័ត៌មានជាតិ

សម្តេចធិបតី៖ បញ្ហាគន្លឹះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺស្វែងរកវិធីសាស្ត្រ ដោះស្រាយ បញ្ចប់ការប្រយុទ្ធគ្នា ឲ្យបានឆាប់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាគន្លឹះសម្រាប់សម្តេច ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រ បដោះស្រាយ បញ្ចប់ការប្រយុទ្ធគ្នា ឲ្យបានឆាប់។ 

តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីសមរភូមិមុខ មានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់ តាមស្មារតីនៃកិច្ចព្រមព្រៀង រវាងកម្ពុជានិងថៃ ស្របតាមកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ឆ្លៀតយកពេលនេះ និយាយលេងបន្ធូរអារម្មណ៍ ជាមួយបងប្អូនថា ល្ងាចមិញជំនួយការសម្តេចម្នាក់ ផ្ញើសារប្រាប់ថា គាត់ឃើញសម្តេចដូចកើនអាយុ ៥ឆ្នាំ ក្នុង៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន។ មានម្នាក់ទៀត អោយយោបល់ថា សម្តេចគួរលាបសក់កុំអោយមើលទៅចាស់ពេក។

ឆ្លេីយតបនឹងជំនួយការរបស់សម្តេច សម្តេចបញ្ជាក់ថា អារម្មណ៍ពេលនេះ អត់នៅជាមួយពណ៌សក់ទេ។ 

ក្នុងនោះ សម្តេចធិបតី បន្ថែមថា អារម្មណ៍របស់សម្តេចទាំងអស់ នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រ ដល់កងកម្លាំងរបស់យើង ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខ របស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករ ដែលត្រលប់មកវិញ ជាគំហុក ពីប្រទេសថៃ។ល។ 

សម្តេចធិបតី ថ្លែងបញ្ជាក់ថា បញ្ហាគន្លឹះសម្រាប់សម្តេចក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយ បញ្ចប់ការប្រយុទ្ធគ្នា ឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់ និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅ ជាប្រក្រតីវិញ កាន់តែឆាប់ដែរ។ 

សម្តេចធិបតី បា នថ្លែងថា ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្ត ក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់ គឺនៅតែខ្លាំងដដែល។ 

បន្ថែមលេីនេះ សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ចាំដោះស្រាយបញ្ហាទាំងអស់ នោះបានចប់ ហើយកងទ័ពនិងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ៕

To Top