ព័ត៌មានជាតិ

អ្នកនាំពាក្យការពារជាតិ ៖ ស្ថានភាព នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃស្ងប់ស្ងាត់

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា ស្ថានភាពនៅ តាមបន្ទាត់ព្រំដែនកម្ពុជា នៅព្រឹកថ្ងៃ២៩ ខែកក្កដា មានលក្ខណៈស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធដាក់គ្នាទៀតទេ ក្រោយបទឈប់បាញ់ បានចូលជាធរមាន កាលពីម៉ោង២៤ យប់ថ្ងៃ២៨ កក្កដា ។

បើតាមលោកស្រីអ្នកនាំពាក្យ ស្ថានភាពព្រំដែន បានប្រែក្លាយមកជាធម្មតាវិញ ដូចមុនពេលមានការផ្ទុះអាវុធរវាងទ័ពទាំងពីរ ដែលនេះគឺជាជំហានដំបូង ឆ្ពោះទៅកាត់បន្ថយអរិយភាព និងស្តារឡើងវិញនូវសន្តិសុខនិងសន្តិសុខ ។ ដើម្បីធានាបានការអនុវត្តពេញ លេញនូវបទឈប់បាញ់ លោកស្រីបញ្ជាក់ថា គឺភាគីទាំងពីរកម្ពុជា-ថៃ ត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួន ដែលបានឯកភាពនៃបទឈប់បាញ់ ។ ដោយភាគីទាំងត្រូវបន្តរៀបចំកិច្ចប្រជុំ ជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន និងត្រូវបង្កើតក្រុមអង្កេតការណ៍ មួយដើម្បីតាមដាន និងត្រួតពិនិត្យ ។ នេះជាប្រសាសន៍របស់លោកស្រី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជុំវិញកិច្ចចរចា បទឈប់បាញ់ជាបន្ទាន់និង ឥតលក្ខខណ្ឌរវាងកងទ័ពកម្ពុជា-ថៃ នាថ្ងៃ២៩ កក្កដា។

លោកស្រីសង្កត់ធ្ងន់ថា ក្នុងនោះភាគីទាំងពីរ ត្រូវអនុវត្តនូវបទឈប់បាញ់គ្នាជាបន្ទាន់ , មិនឲ្យមានការចល័តទ័ព ឬក៏ការបន្ថែមទ័ព , កងទ័ពទាំងពីរត្រូវរក្សាទីតាំងដដែល , ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការងារជាមួយគ្នា ហើយត្រូវរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងមេបញ្ជាការនៅតាមបណ្តាភូមិភាគ។

លោកស្រីបញ្ជាក់ថា “ជាលទ្ធផលវិជ្ជមាននៅតាមយោធភូមិភាគទាំងអស់ មិនមានការផ្ទុះអាវុធដាក់គ្នាទេ ។ នេះជាការប្តេជ្ញាចិត្តយ៉ាងខ្ពស់និងការអនុវត្តយ៉ាងម៉ឹងម៉ាត់ ម៉ត់ចត់ នៃកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់ ។ ដើម្បីធានាដល់ប្រសិទ្ធភាពភាគីទាំងពីរ ត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួន នៅក្នុងការឯកភាពគ្នានៃបទឈប់បាញ់” ៕

To Top