ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចុះ សំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារៈ ប្រើប្រាស់ អាចដោះស្រាយជីវភាព ដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅទីសុវត្ថិភាព កំពុងជួបការលំបាករងគ្រោះ ដោយសារភ្លើងសង្រ្គាមនាថ្ងៃ២៨ កក្កដា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានកោតសរសើរ និងគោរពដល់ទឹកចិត្តវីរៈកងទ័ពខ្មែរ ឈរជើងនៅ តាមព្រំដែនកម្ពុជា-ថៃ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកខ្ពស់ និងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការថែទាំសុខភាពដល់ប្រជាពលរដ្ឋ ទាំងអស់ ទោះបីស្ថិតក្នុងភ្លើង សង្រ្គោមនាពេលនេះក៏ដោយ ពោលគឺមិនទុកប្រជាពលរដ្ឋ ណាម្នាក់ មិនទទួលបានការបម្រើសេវាសុខាភិបាលនោះទេ។ បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ដែលស្នាក់នៅបណ្តោះអាសន្ន នៅទីទួលសុវត្ថិភាព អនុវត្តវិធានការដោយប្រកាន់ ខ្ជាប់នូវអនាម័យ ហូបស្អាត សម្រាកក្នុងមុង និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការ ដែលអាចបង្កជាការ រាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ។ ក្នុងករណីមានបញ្ហាសុខភាព សូមមកទទួលសេវាសុខាភិបាល ដែលប្រចាំការនៅ ទីទួលសុវត្ថិភាព ឬមូលដ្ឋានសុខាភិបាល នៅជិតអ្នកបំផុត។

នាឱកាសនោះសាស្ត្រាចារ្យ ក៏បានសំណេះសំណាល និងលើកទឹកចិត្តថែមទៀត ដល់មន្រ្តីសុខាភិបាល ដែលកំពុងប្រចាំការនៅទីសុវត្ថិភាព និងតាមគោលដៅនានា ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្រើគ្រប់សមត្ថភាព និងមធ្យោបាយបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈ ពិសេសនាគ្រាដ៏លំបាកនេះ៕












