ព័ត៌មានជាតិ

យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ព្រមព្រៀងបញ្ចប់បទឈប់បាញ់ និងឈប់បង្កើនទ័ព

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា កិច្ចប្រជុំរវាងយោធភូមិភាគទី៥របស់កម្ពុជា និងយោធភូមិភាគទី១ របស់ថៃនាព្រឹកថ្ងៃ២៩ កក្កដានេះ បានទទួលលទ្ធផលល្អ ដោយសារភាគីទាំងពីរ បានយល់ព្រមអនុវត្តនូវបទឈប់បាញ់ ។

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃ២៩ កក្កដានេះ លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះបានធ្វើឡើងនាម៉ោង៩ព្រឹក ដែលមានរយៈពេលជាង១០នាទី ក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកស្រីបញ្ជាក់ថា “ភាគីទាំងពីរបានលើកឡើងនៅក្នុងចំណុចមួយចំនួនដូចខាងក្រោម គឺភាគីទាំងពីរបានជួបគ្នា និងសួរសុខទុក្ខគ្នា និងបានឯកភាពគ្នានិងគោរពបទឈប់បាញ់ , ឈប់បង្កើនទ័ព , ជៀសវាងការប្រឈមមុខដាក់គ្នា និងបង្កើនភាពតានតឹង ។ ភ្ជាប់ទំនាក់ទំនងនិងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ។ ប្រសិនបើមានបញ្ហាអីផ្សេងពីនេះ ត្រូវសុំយោបលទៅថ្នាក់លើ”។

លោកស្រីបន្តថា បន្ទាប់ពីមានការព្រមព្រៀង ជាមួយគ្នាហើយ ភាគីទាំងពីរបានឯកភាពគ្នា ដោយចុះហត្ថលេខាលើ កំណត់ហេតុផងដែរ ។ ជាមួយគ្នានេះ បើមានចំណុចណាមួយមិនព្រមព្រៀង ឬឯកភាពគ្នាទេ ត្រូវរុញទៅគណៈកម្មាធិកាព្រំដែនកម្ពុជា-ថៃ(JBC) ខណៈកិច្ចប្រជុំគណៈកម្មាធិកាព្រំដែនកម្ពុជា-ថៃ នឹងកំណត់ធ្វើឡើងនៅថ្ងៃ៤ សីហា ខាងមុខនៅរាជធានីភ្នំពេញ ៕

To Top