ភ្នំពេញ ៖ ប្រទេសបារាំងបានវាយតម្លៃខ្ពស់ ចំពោះការប្រកាសពីបទឈប់បាញ់ ដែលចូលជាធរមានចាប់ពីយប់ថ្ងៃទី២៨ ខែកក្កដា និងការចាប់ផ្តើមកិច្ចសន្ទនា រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយជំនួប រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដាដែលនេះគឺ ជាចំណុចគួរឲ្យកត់សម្គាល់ឈាន ទៅចាប់ផ្តើមដោះស្រាយផ្នែកលើច្បាប់អន្តរជាតិ ។ នេះបើតាមការផ្សាយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា នាថ្ងៃ២៩ កក្កដា ។
ជាមួយគ្នានេះ ប្រទេសបារាំងក៏អំពាវនាវ ឲ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។
ប្រទេសបារាំងវាយតម្លៃខ្ពស់ ចំពោះតួនាទីសម្របសម្រួល របស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ហើយបារាំងគូសបញ្ជាក់ជាថ្មី ពីការគាំទ្រដល់មជ្ឈភាពអាស៊ាន ក្នុងការដោះស្រាយជម្លោះនានាក្នុងតំបន់។
ភាគីបារាំងបន្តថា ការវិវត្តគួរឲ្យកត់សម្គាល់នេះ គឺជាចំណុចចាប់ផ្តើម នៃការដោះស្រាយជម្លោះប្រកបដោយចីរភាព តាមមាគ៌ាសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ ។ ក្នុងន័យនេះ ប្រទេសបារាំងត្រៀមខ្លួនជានិច្ច ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ជាពិសេសកិច្ចខិតខំប្រែងប្រែង របស់អាស៊ាន៕
