ព័ត៌មានជាតិ

អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ បានប្រគល់ជូនវីរកងទ័ព តាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ

ព្រះវិហារ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ព តាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ បន្ទាប់ពីវីរកងទ័ព បន្តការពារអធិបតេយ្យភាពកម្ពុជា។

ពិធីប្រគល់ និងទទួលអំណោយដែលជាទឹកចិត្ត របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោក​ ឯក ឃុនដឿន អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនលោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសខេត្តព្រះវិហារ។

ក្នុងនោះ លោក ឯក ឃុនដឿន អភិបាលរងរាជធានី បាននាំមកនូវការផ្តាំផ្ញើរសួរសុខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពទាំងអស់ សូមមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន ។

បន្ថែមពីនេះ លោក ឯក ឃុនដឿន ក៏បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលតែងតែចូលរួមចែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ​ឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​បាននិងកំពុង​ជម្លៀស​ចេញ​ពីផ្ទះសម្បែងមកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកសួន ពិរុណ មេបញ្ជារងកងអង្គរក្ស បានលើកឡើងថា ជំនួសមុខឱ្យវីរកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​បំផុត​ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងារ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជន នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។

លោកឧត្តមសេនីយ៍ឯកសួន ពិរុណ ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុតផងដែរ​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេង នៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ និងបានប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងអង្គរក្សនាពេលនេះ រួមមាន ៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ទឹកសុទ្ធ ទឹកក្រូច មី ភួយមុង អាវ អាវរងា អាវភ្លៀង កន្ទេល បន្លែ ត្រីសាច់ និង សម្ភារប្រើប្រាស់ផ្សេងៗប្រមាណចំនួន៣៣មុខ សរុបទម្ងន់៥០តោន៕

To Top