ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ។ នេះបើតាមការផ្សាយរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃ២៩ កក្កដា ដែលដកស្រងចេញ ពីសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសខ្លួន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង បទឈប់បាញ់រវាងកម្ពុជា-ថៃ។
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនចាត់ទុកថា ទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងន័យនេះ ប្រទេសជប៉ុន បាននិងកំពុងធ្វើការទំនាក់ទំនង ជាមួយប្រទេសកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
រដ្ឋាភិបាលជប៉ុនក៏បានចូលរួមសាទរប្រទេសកម្ពុជា និងថៃដែលបានសម្រេចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ។ ជប៉ុនក៏វាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត របស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដោយរួមមានប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិសេសលើកនេះ និងសហរដ្ឋអាម៉េរិក ដែលជាសហអ្នករៀបចំ៕
