ព័ត៌មានជាតិ

ថ្នាក់ដឹកនាំការពារជាតិកម្ពុជា នឹងនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ទៅឃ្លាំមើល សភាពការណ៍ព្រំដែន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំក្រសួង នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែង លើបញ្ហាព្រំដែនកម្ពុជា-ថៃ ។

យោងតាមហ្វេសប៊ុក របស់ប្រមុខការពារជាតិកម្ពុជា នាថ្ងៃ២៩ សីហានេះ បានឲ្យដឹងថា ការដឹកនាំអង្គទូត អនុព័ន្ធយោធាបរទេស ទៅមើលសភាពការណ៍ព្រំដែនកម្ពុជា-ថៃនេះ បន្ទាប់ពីកងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់ថ្ងៃ២៨ សីហា រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ ។ ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តីក៏បានច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជាថា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។

លោកបានគូសបញ្ជាក់ថា “ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែង លើបញ្ហាព្រំដែនកម្ពុជា-ថៃ” ។

លោកបន្តថា បន្ទាប់ពីកម្ពុជា-ថៃ បានអនុវត្តនូវបទឈប់បាញ់ហើយ នៅព្រឹកថ្ងៃ២៩ កក្កដា នេះ លោកផ្ទាល់ក៏បានទំនាក់ទំនង តាមប្រព័ន្ធទូរសព្ទទៅរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ដើម្បីពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បានឲ្យដឹងទៀតថា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំGBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ៕

To Top